ក្រុមគ្រួសារ
លោក Bill Gates កើតនៅថ្ងៃទី 28 ខែ តុលា ឆ្នាំ 1955 ដោយមានទីកន្លែងកំណើតក្នុងទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក។ គាត់គឺជាកូនប្រុសតែម្នាក់គត់របស់លោក William H. Gates, Sr. ដែលជាមេធាវី សប្បុរសជន និងជាអ្នកនិពន្ធសៀវភៅរឿង Showing Up for Life: Thoughts on the Gifts of a Lifetime ជាមួយអ្នកស្រី Mary Maxwell Gates. ដែលជាគណៈកម្មការរបស់ក្រុមហ៊ុន First Interstate Banc System និង United Way។ ឪពុកម្តាយរបស់គាត់ មានសញ្ជាតិដើមជាជនជាតិអង់គ្លេស អាល្លឺម៉ង់ និង Scotch-Irish។ លោក Bill Gates នៅមានបងស្រីម្នាក់ទៀតឈ្មោះ Kristianne និងប្អូនស្រីម្នាក់ឈ្មោះ Libby។
សង្ខេបប្រវត្តិការសិក្សា និងការងារ
ពេលមានអាយុ 13 ឆ្នាំ លោក Bill Gates បានចូលសិក្សានៅសាលារៀន Lakeside ដែលជាអនុវិទ្យាល័យដ៏ល្អបំផុតក្នុងទីក្រុង Seattle ហើយបានរៀនសរសេរ Code កុំព្យូទ័រ ដោយប្រើប្រាស់កុំព្យូទ័រប្រភេទ Mini នៅសាលារៀននេះ និងបានស្គាល់លោក Paul Allen ផងដែរ។ បន្ទាប់មកនៅឆ្នាំ 1973 លោកបានបន្តចូលរៀននៅសាកលវិទ្យាល័យ Harvard ហើយបានរស់នៅក្នុងបន្ទប់ស្នាក់របស់សាលារៀនជាមួយលោក Steve Ballmer ដែលមានតួនាទីជា CEO ប្រចាំក្រុមហ៊ុន Microsoft ក្នុងពេលសព្វថ្ងៃនេះ។ ពេលសិក្សានៅ Harvard លោក Bill បានអភិវឌ្ឍន៍ភាសា Program BASIC សំរាប់ Microcomputer ដំបូងបង្អស់ឲ្យក្រុមហ៊ុន MITS (Micro Instrumentation and Telemetry Systems)។ ក្រោយមក លោក Bill Gates បានផ្អាកការសិក្សា ដើម្បីផ្តោតសំខាន់លើការគ្រប់គ្រងក្រុមហ៊ុន Microsoft ដែលបានបង្កើតឡើងក្នុងឆ្នាំ 1975 ក្រោមការសហការណ៍គ្នាជាមួយមិត្តភក្តិជិតស្និទ្ធរបស់លោក គឺ Paul Allen។ លោក Bill Gates បានជឿជាក់ថា កុំព្យូទ័រគឺជាឧបករណ៍ដ៏មានតម្លៃមួយសំរាប់ប្រើប្រាស់ក្នុងការិយាល័យ និងគេហដ្ឋាន។ ដូច្នេះហើយ គាត់ និងមិត្តភក្តិបានចាប់ផ្តើមអភិវឌ្ឍ Software សំរាប់កុំព្យូទ័រ ដែលប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន រួចទទួលបានជោគជ័យយ៉ាងធំធេងក្នុងឧស្សាហកម្មកុំព្យូទ័រ។ ក្រោមការដឹកនាំរបស់លោក Bill Gates ក្រុមហ៊ុន Microsoft បានបន្តឈានទៅមុខ និងបង្កើនសមត្ថភាពរបស់បច្ចេកវិទ្យា Software ឲ្យកាន់តែងាយស្រួលប្រើប្រាស់ មានប្រសិទ្ធភាព និងមានភាពសប្បាយរីករាយ។ ក្នុងឆ្នាំ 1999 លោក Bill Gates បានសរសេរសៀវភៅមួយឈ្មោះថា "Business @ the Speed of Thought" ដើម្បីបង្ហាញថា “តើកុំព្យូទ័រអាចដោះស្រាយបញ្ហាជំនួញក្នុងវិធីថ្មីបានយ៉ាងដូចម្តេច? ”សៀវភៅនេះត្រូវបានបោះពុម្ពដល់ទៅ 25 ភាសា ហើយបានដាក់លក់ជាង 60 ប្រទេស។ មិនតែប៉ុណ្ណោះ សៀវភៅមួយក្បាលនេះ ត្រូវបានរាប់បញ្ចូលជាសៀវភៅលក់ដាច់ច្រើនបំផុត ដោយទស្សនាវដ្តី New York Times, USA Today, The Wall Street Journal និងនៅលើគេហទំព័រ Amazon.com។ បន្ថែមពីលើនេះ ដោយសារសេចក្តីស្រលាញ់លើកុំព្យូទ័រ និង Software នោះលោក Bill Gates បានបង្កើតក្រុមហ៊ុន Forbis ដែលជាក្រុមហ៊ុនមួយ មានតួនាទីគ្រប់គ្រង និងជាម្ចាស់កម្មសិទ្ធលើរូបភាពផ្សេងៗ ដូចជាៈ ការផ្សព្វផ្សាយពាណិជ្ជកម្ម សៀវភៅ កាសែត ទស្សនាវដ្តី ទូរទស្សន៍ និងខ្សែភាពយន្តជាដើម។ ម្យ៉ាងទៀត លោក Bill Gates ថែមទាំងមានតួនាទីជាសមាជិកគណៈកម្មការគ្រប់គ្រងរបស់ក្រុមហ៊ុន Berkshire Hathway Inc. ផងដែរ។
មូលនិធិ TheBill & Melinda Gates Foundation
ក្នុងឆ្នាំ 2000 លោកBill Gates និងភរិយាបានបង្កើតមូលនិធិមួយឈ្មោះថាThe Bill & Melinda Gates Foundation ដែលជាអង្គភាពសប្បុរសមួយ បង្កើតឡើងសំរាប់ជួយកាត់បន្ថយភាពអយុត្តិធម៌ក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។ មូលនិធិនេះព្រមទាំងជួយឧបត្ថម្ភដល់ការសិក្សា និងការការពារជម្ងឺអេដស៍ ដែលជាជម្ងឺរាតត្បាតផងដែរ។
ជីវិតផ្ទាល់ខ្លួន
លោក Bill Gates បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Melinda French នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 1994 ដោយមានកូនចំនួន 2 នាក់ឈ្មោះ Jennifer Katharine (កើតឆ្នាំ 1996) និង Phoebe Adele (កើតឆ្នាំ 2002) រួចមានកូនប្រុសម្នាក់ទៀតឈ្មោះ Rory John (កើតឆ្នាំ 1999)។ គេហដ្ឋានរបស់លោក Bill Gates គឺជាផ្ទះដែលសាងសង់ឡើងនៅលើដំបូក ជាប់នឹងមាត់បឹង Washington នៅឯ Medina ហើយត្រូវបានរចនាជាផ្ទះសម័យថ្មីក្នុងសតវត្សរ៍ទី 21។ មិនតែប៉ុណ្ណោះ នៅជុំវិញផ្ទះ ថែមទាំងមានប្រព័ន្ធអេឡិចត្រូនិចទាន់សម័យបំពាក់នៅគ្រប់ទីកន្លែងតែម្តង។ លើសពីនេះ ក្នុងផ្ទះព្រមទាំងមានបន្ទប់ដាក់សៀវភៅខ្នាតធំ និងបន្ទប់អានសៀវភៅ ដែលដំបូលមានរាងដូចវិហារចាមផងដែរ។ ជាងនេះទៅទៀត ផ្ទះរបស់លោក Bill Gates មានប្រវែងដល់ទៅ 6,100 ម៉ែត្រការេ ដោយអាងហែលទឹកមានប្រវែង 18 ម៉ែត្រ ហើយបានភ្ជាប់ប្រព័ន្ធបទចំរៀងក្រោមទឹកមកជាមួយថែមទៀតផង។ ចំពោះកន្លែងហាត់ប្រាណវិញ មានប្រវែង230 ម៉ែត្រការេ និងបន្ទប់ទទួលអាហារមានប្រវែង 93 ម៉ែត្រការេ។ តាមរយៈរបាយការណ៍របស់ King County ក្នុងការប៉ាន់ប្រមាណតម្លៃសរុបនៃអចលនទ្រព្យក្នុងឆ្នាំ 2006 បានឲ្យដឹងថា ផ្ទះ និងដីរបស់លោក Bill Gates មានតម្លៃសរុបទាំងអស់ចំនួន 125 លានដុល្លារ ដោយត្រូវបង់ពន្ធដល់ទៅ 991,000 ដុល្លារឯណោះ។
Windows
- ក្រុមហ៊ុន Microsoft បានបញ្ចេញWindows 1.0 ក្នុងថ្ងៃទី 20 ខែ វិច្ឆិកា ឆ្នាំ 1985
- ក្នុងថ្ងៃទី 9 ខែ ធ្នូ ឆ្នាំ 1987ក្រុមហ៊ុន Microsoft បានបញ្ចេញ Windows 2.0 ដែលមានកម្មវិធី និងមុខងារជាច្រើន។
- ក្នុងថ្ងៃទី 22 ខែ ឧសភា ឆ្នាំ 1990 ក្រោមការដឹកនាំរបស់ Bill Gates បានបង្កើត Windows ស៊េរីថ្មី ដែលហៅថា Windows 3.0 ហើយលក់បានជាង 10 លាន Copy។ ហេតុនេះហើយ ក្នុងថ្ងៃទី 6 ខែ មេសា ឆ្នាំ 1992 ក្រុមហ៊ុន Microsoft បន្តបញ្ចេញ Windows 3.1 បន្ថែមមកភ្លាមៗ ដោយអាច Support ការប្រើប្រាស់ Network បាន។
- ដោយសារទទួលបានជោគជ័យ ក្រុមហ៊ុន Microsoft បានបញ្ចេញWindows 95 ក្នុងថ្ងៃទី 24 ខែ សីហា ឆ្នាំ 1995 និង Windows 98 ក្នុងថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 1998។ បន្ទាប់មក Windows 2000ត្រូវបានបញ្ចេញក្នុងថ្ងៃទី 17 ខែ កុម្ភៈ ឆ្នាំ 2000 ស្របពេលដែល Windows ME បានបន្តបញ្ចេញក្នុងថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2000 ដដែលនេះ។ ចំណែកឯ Windows XP វិញ ត្រូវបានបញ្ចេញក្នុងថ្ងៃទី 25 ខែ តុលា ឆ្នាំ 2001 ហើយ Windows Vista ត្រូវបានចេញលក់ក្នុងថ្ងៃទី 23 ខែ ខែ កក្កដា ឆ្នាំ 2005 និង Windows 7 ក្នុងថ្ងៃទី 22 ខែ តុលា ឆ្នាំ 2009។
មហាសេដ្ឋីចំណាត់ថ្នាក់លេខ1
តាមរយៈការចាត់ចំណាត់ថ្នាក់បុគ្គលល្បីៗ នៅលើពិភពលោករបស់ទស្សនាវដ្តី Forbes បានបង្ហាញថា លោក Bil Gates បានជាប់ចំណាត់ថ្នាក់លេខ 5 ក្នុងចំណោមបុគ្គល ដែលមានឥទ្ធិពលបំផុត ហើយជាប់ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេចំណាត់ថ្នាក់លេខ 1 ក្នុងសហរដ្ឋអាមេរិក និងជាប់ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេចំណាត់ថ្នាក់លេខ 2 នៅលើពិភពលោកក្នុងពេលថ្មីៗ នេះ។ ថ្វីត្បិតសព្វថ្ងៃនេះ លោក Bill Gates ជាប់ត្រឹមចំណាត់ថ្នាក់លេខ 2 ក្នុងចំណោមមហាសេដ្ឋីទូទាំងពិភពលោក តែកាលពីប៉ុន្មានឆ្នាំមុន លោកបានជាប់ចំណាត់ថ្នាក់លេខ 1 ជាច្រើនឆ្នាំបន្តបន្ទាប់គ្នា ដែលរួមមានដូចតទៅ។
ឆ្នាំ 1996: 18.5 កោដលានដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 1997: 36.4 កោដដុល្លារ ចំណាត់ថ្នាក់លេខ 2
ឆ្នាំ 1998: 51.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 1999: 90.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2000: 60.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2001: 58.7 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2002: 52.8 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2003: 40.7 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2004: 46.8 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2005: 46.5 កោដដុល្លារ ចំណាត់ថ្នាក់លេខ1
ឆ្នាំ 2006: 52.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2007: 56.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2008: 58.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 3
ឆ្នាំ 2009: 40.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2010: 53.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 2
ឆ្នាំ 2011: 56.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 2
Post a Comment