ក្រោយពីបណ្តោយឲ្យអ្នកប្រើប្រាស់ជាច្រើនទូទាំងពិភពលោក រង់ចាំការបង្ហាញខ្លួនរបស់ទូរស័ព្ទ iPhone 5 ស៊េរីថ្មីអស់រយៈពេលជាយូររួចមក។ ថ្មីៗនេះ ក្រុមហ៊ុន Apple បែរជាបង្វែរមកធ្វើការដាក់លក់ទូរស័ព្ទ iPhone 4S ជំនួសវិញ ដោយទូរស័ព្ទនេះមានរូបរាងដូចទូរស័ព្ទ iPhone 4 ដដែល តែបានអភិវឌ្ឍឲ្យមានល្បឿនលឿនជាងមុន កាមេរ៉ាធំជាងមុន រួចបានបំពាក់ Dual Core A5 Chip រួមជាមួយប្រព័ន្ធប្រតិបតិ្តការ iOS 5 និងសេវាកម្មiCloud ដែលបានបើកបង្ហាញកាលពីប៉ុន្មានខែមុននេះភ្ជាប់មកជាមួយ។ មិនតែប៉ុណ្ណោះ ទូរស័ព្ទ iPhone 4S នៅមានមុខងារថ្មីៗជាច្រើនទៀតដែលប្រិយមិត្តគួរស្វែងយល់ មុននឹងជ្រើសរើសទិញវាមកប្រើប្រាស់ដែលរួមមានដូចតទៅ។
1. Dual-Core A5 Chip
Dual Core A5 Chip ស៊េរីថ្មី ដែលបានបំពាក់ក្នុងទូរស័ព្ទ iPhone 4S មានប្រសិទ្ធភាពទ្វេដងជាហេតុធ្វើឲ្យការបង្ហាញក្រាហ្វិកមានល្បឿនលឿនជាងមុន 7 ដងឯណោះ។ ហេតុនេះហើយ ពេលប្រើប្រាស់កម្មវិធី ឆែកគេហទំព័រ លេងហ្គេម ឬធ្វើអ្វីៗផ្សេងទៀតលើទូរស័ព្ទ iPhone 4S លោកអ្នកនឹងមានអារម្មណ៍ថាវាពិតជាមានប្រសិទ្ធភាពខ្ពស់ និងមានល្បឿនលឿនពិតប្រាកដមែន។ ជាពិសេសគឺការលេងហ្គេមនឹងមានសភាពរលូនល្អជាងមុន រួចមានលក្ខណៈរស់រវើកដូចធម្មជាតិ។ ម្យ៉ាងទៀត លោកអ្នកអាចប្រើប្រាស់វាបានកាន់តែយូរជាងមុន ដោយសារថាមពលថ្មមានគុណភាពកាន់តែល្អ។
2. Siri ជំនួយការដ៏វ័យឆ្លាត
Siri គឺជាមុខងារដំឡើងរួចជាស្រេចក្នុងទូរស័ព្ទ iPhone 4Sដែលធ្វើឲ្យលោកអ្នកអាចប្រើប្រាស់សម្លេងរបស់ខ្លួន ដើម្បីបញ្ជាទូរស័ព្ទ iPhone 4S ឲ្យធ្វើអ្វីមួយ ប្រៀបដូចជានិយាយទៅកាន់មនុស្សណាម្នាក់អញ្ចឹង ព្រោះវាមិនត្រឹមតែយល់ពីអ្វី ដែលលោកអ្នកនិយាយប៉ុណ្ណោះទេ ថែមទាំងដឹងថាលោកអ្នកមានន័យយ៉ាងម៉េចទៀតផង។ ឧទាហរណ៍ៈ លោកអ្នកអាចសួរសំនួរដូចជាៈ តើខ្ញុំចាំបាច់ត្រូវប្រើប្រាស់ឆ័ត្រដែរឬទេ? តើមានប៊ឺហ្គឺឆ្ងាញ់ៗនៅជិតនេះ ឬក៏អត់? ឬសួរថាតើទូរ ATM ស្ថិតនៅកន្លែងណាជាដើម។ បន្ទាប់មក វានឹងឆ្លើយតបទៅលោកអ្នកវិញ ប្រៀបបាននឹងជំនួយការមួយដ៏ស្ទាត់ជំនាញរបស់លោកអ្នក។ បន្ថែមពីលើនេះ លោកអ្នកអាចបញ្ជាឲ្យ Siri ធ្វើការហៅចេញ កំណត់ពេលវេលាណាត់ជួប កំណត់ឲ្យទូរស័ព្ទធ្វើការក្រើនរំឮក អានសារឲ្យស្តាប់ ស្វែងរកហាងអាហារ សួរទាក់ទងនឹងអាកាសធាតុ ឬប្រាប់ផ្លូវខណៈពេលកំពុងបើកបររថយន្តបានផងដែរ។បញ្ជាក់ៈ មុខងារ Siri នៅមានលក្ខណៈជា Beta នៅឡើយទេ។
3. កាមេរ៉ា 8 មេហ្គាភិចសែល
ក្រៅពីលក្ខណៈសម្បត្តិសំខាន់ទាំង 2 ខាងលើហើយ ទូរស័ព្ទ iPhone 4S ក៏បានអភិវឌ្ឍកាមេរ៉ាពីទំហំ 5 មេហ្គាភិចសែលមកជា 8 មេហ្គាភិចសែលផងដែរ។ ក្រៅពីនេះ វាបានប្រើប្រាស់កញ្ចក់កាមេរ៉ា Optics ប្រភេទថ្មី ហើយមានភិចសែលធំជាងកាមេរ៉ារបស់ទូរស័ព្ទ iPhone 4 ដល់ទៅ 60 % និងមានសមត្ថភាពខ្ពស់ក្នុងការចាប់យកពន្លឺ(f/2.4)។ មិនតែប៉ុណ្ណោះ វាបានកែច្នៃប្រព័ន្ធ Auto White Balance, Face Detection, Color Accuracy ឲ្យមានសមត្ថភាពកាន់តែល្អឥតខ្ចោះ និងកាត់បន្ថយ Motion Blur ផងដែរ។ ដោយសារការភ្ជាប់កាមេរ៉ា ដែលមានទំហំមេហ្គាភិចសែលធំជាងមុន និងទទួលពន្លឺបានល្អនោះ លោកអ្នកនឹងសង្កេតឃើញភាពខុសប្លែកគ្នាចំពោះ Resolution របស់រូបភាពក្រោយពេលថតរួច។ បន្ទាប់ពីថតរូបភាពរួច លោកអ្នកអាចកាត់បង្រួម បង្វិល ឬលុបភ្នែកក្រហមលើរូបភាពបានលើទូរស័ព្ទផ្ទាល់តែម្តង។
4. ថតវីដេអូកំរិត HD 1080p
លោកអ្នកអាចថតវីដេអូបានគ្រប់ទីកន្លែងជាមួយគុណភាព HD 1080p ក្នុងល្បឿន 30 fps ដោយមានពន្លឺភ្លឺដូចធម្មជាតិ និងពណ៌ស្រស់រស់រវើកជាងមុន។ មិនតែប៉ុណ្ណោះ ដោយសារទូរស័ព្ទ iPhone 4S បានភ្ជាប់ប្រព័ន្ធ Image Stabilization និង Noise Reduction មកជាស្រេច។ ដូច្នេះហើយ ទូរស័ព្ទនេះអាចការពារភាពរំញ័រក្នុងពេលថត និងកាត់បន្ថយស្នាមអុច លើរូបភាពក្នុងពេលថតនៅទីងងឹតបានយ៉ាងល្អ ហើយផ្តល់មកវិញនូវវីដេអូគុណភាពខ្ពស់។ បន្ទាប់ពីថតវីដេអូរួចលោកអ្នកអាចកាត់តវីដេអូតាមរយៈកម្មវិធី iMovie លើទូរស័ព្ទiPhone 4S ផ្ទាល់ហើយចែករំលែកទៅកាន់មិត្តភក្តិជាទីស្រលាញ់បានភ្លាមៗតែម្តង។
5. ប្រព័ន្ធប្រតិបត្កិការគុណភាពខ្ពស់ iOS 5
ជាមួយប្រព័ន្ធប្រតិបត្តិការ iOS5 ថ្មីនេះ លោកអ្នកនឹងទទួលបានភាពងាយស្រួលក្នុងការប្រើប្រាស់លើទូរស័ព្ទ iPhone 4S រួមជាមួយមុខងារថ្មីជាច្រើនដល់ទៅជាង 200 ប្រភេទ។ មួយក្នុងចំណោមមុខងារទាំងអស់នោះ រួមមាន iMessage ដែលត្រូវបានបង្កើតឡើងសំរាប់បញ្ជូនសារ រូបភាព ឬវីដេអូរវាងឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបតិ្តការ iOS ទាំងអស់ ស្រដៀងនឹងកម្មវិធី BBM លើទូរស័ព្ទ Blackberry ដែរ។ បន្ថែមពីលើនេះ iOS 5 ព្រមទាំងបានភ្ជាប់ Notification Center ឬប្រព័ន្ធដាស់តឿនស៊េរីថ្មី ដើម្បីជំនួសឲ្យប្រព័ន្ធដាស់តឿនស៊េរីចាស់ ដែលតែងតែលោតផ្ទាំង POP-UP ឡើងឲ្យអ្នកប្រើប្រាស់ឃើញពេលបើកគេហទំព័រ Chat ឬលេងហ្គេមជាដើម។ម្យ៉ាងទៀត Safari Mobile ក្នុង iOS 5 បានបន្ថែមមុខងារ Reading List ចូលមក ដើម្បីឲ្យអ្នកប្រើប្រាស់អាច Save គេហទំព័រទុកសំរាប់អានពេល Offline បាន រួចព្រមទាំងភ្ជាប់TAB មកជាមួយបានផងដែរ។ ជាងនេះទៅទៀត iOS 5 នៅមានកម្មវិធី Twitterសំរាប់ Sign in ចូលទៅអាប់ដេតស្ថានភាពផ្ទាល់ខ្លួន និងកម្មវិធី Reminder សំរាប់កត់ត្រាកាលបរិច្ឆេទ មុខម្ហូប និងព្រឹត្តិការណ៍ណាមួយដោយភ្ជាប់ជាមួយទីតាំង ព្រមទាំងពេលវេលាដើម្បីឲ្យទូរស័ព្ទជួយក្រើនរំឮកដល់អ្នកប្រើប្រាស់ ក្នុងគោលបំណងជៀសវាងការភ្លេចភ្លាំង។
6. សេវាកម្ម iCloud
iCloud គឺជាវិធីដ៏ងាយស្រួលបំផុត ក្នុងការគ្រប់គ្រងឯកសារផ្ទាល់ខ្លួន ព្រោះវាអាចស្តុកទុកនូវបទចំរៀង រូបភាព កម្មវិធី មែល សៀវភៅទូរស័ព្ទ ឯកសារ និងអ្វីៗជាច្រើនទៀត។ ដោយសារសេវាកម្ម iCloud ដ៏អស្ចារ្យនេះ បទចំរៀង ដែលលោកអ្នកបានទិញក្នុង iTunes អាចធ្វើការបង្ហាញលើទូរស័ព្ទបានដោយស្វ័យប្រវត្តិ។ មិនតែប៉ុណ្ណោះ ជាមួយមុខងារ Photo Stream ក្នុង iCloud នេះ លោកអ្នកអាចថតរូបភាពលើទូរស័ព្ទ iPhone 4S ដើម្បីធ្វើការបង្ហាញរូបភាពទាំងអស់នោះ ដោយស្វ័យប្រវតិ្តលើឧបករណ៍ដទៃទៀត ដែលប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការ iOS ដូចគ្នាបាន។ បន្ថែមពីលើនេះ លោកអ្នកអាចរក្សាទុកឯកសារប្រភេទ Presentation ឬរបាយការណ៍ រួមទាំងឯកសារផ្សេងទៀតលើ iCloud ហើយគ្រប់ពេល ដែលធ្វើការកែសំរួលឯកសារទាំងនោះ វានឹងអាប់ដេតដោយស្វ័យប្រវតិ្តលើ iCloud តែម្តង។
7. មុខងារFaceTime កាន់តែមានប្រសិទ្ធភាពខ្ពស់
មុខងារ FaceTime ត្រូវបានអភិវឌ្ឍឲ្យមានសមត្ថភាពខ្ពស់ជាងមុន ដើម្បីឲ្យការសន្ទនាឃើញមុខគ្នាពីទូរស័ព្ទ iPhone ទៅកាន់ iPhone, iPad 2, iPod Touch ឬ Mac តាមរយៈប្រព័ន្ធ Wi-Fi កាន់តែរលូនល្អ។ អាស្រ័យហេតុនេះទោះបីជាស្ថិតនៅទីណាក៏ដោយ លោកអ្នកនៅអាចទំនាក់ទំនងជាមួយមិត្តភក្តិ ឬក្រុមគ្រួសារបានដដែល។ បន្ថែមពីលើនេះ លោកអ្នកអាចហៅចេញតាមរយៈមុខងារ FaceTime ដោយប្រើប្រាស់មុខងារ Siri ហើយគ្រាន់តែនិយាយថាៈ “FaceTime ទៅកាន់ម៉ាក់” ប៉ុណ្ណោះ។
8. ហៅចេញកាន់តែងាយ និងកាន់តែលឿន
iPhone 4S គឺជាទូរស័ព្ទដំបូងបង្អស់ ដែលមានភាពវ័យឆ្លាតក្នុងការបញ្ជូន និងទទួលទិន្នន័យរវាងអង់តែន 2។ ហេតុនេះហើយ ទើបវាធ្វើឲ្យការហៅចេញលើទូរស័ព្ទ iPhone 4S មានលក្ខណៈកាន់តែល្អជាងមុន។ បន្ថែមពីលើនេះ ការប្រើប្រាស់តាមរយៈប្រព័ន្ធ 3G ប្រភេទ HSDPA គឺមានល្បឿនលឿនជាងមុនទ្វេដងដល់ទៅ 14.4 Mbps ដោយទូរស័ព្ទ iPhone 4 មានល្បឿនត្រឹម 7 Mbps ប៉ុណ្ណោះ។ ហេតុនេះហើយ លោកអ្នកអាចតភ្ជាប់លឿនជាងមុន ហើយ Load និង Reload លឿនជាងមុន រួចព្រមទាំងដោនឡូដបានលឿនជាងមុនផងដែរ។ សរុបសេចក្តីមក iPhone 4S ត្រូវបានចាត់ទុកថា ជាទូរស័ព្ទ ដែលមានលក្ខណៈសាកល អាចប្រើប្រាស់បានគ្រប់ទីកន្លែង ទោះបីជាតំបន់រស់នៅប្រើប្រាស់ប្រព័ន្ធ GSM ឬ CDMA ក៏ដោយ។
Post a Comment