0

លោក Timothy D. Cook ឬលោក Tim Cook មានអាយុ 51 ឆ្នាំ កើត​នៅថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ 1960 ដោយ​បច្ចុប្បន្ន​នេះ មានតួនាទីជា CEO ប្រចាំ​ក្រុមហ៊ុន Apple ជំនួសឲ្យ​លោក Steve Jobs ដែលបាន​លាចេញពី​តំណែងកាល​ពីថ្ងៃទី 24 ខែ សីហា ឆ្នាំ 2011 មុននឹង​លាចាក​លោកនៅ​ពេល​បន្ទាប់។
ជីវិតផ្ទាល់ខ្លួន
លោក Tim Cook ធំធាត់ឡើង​នៅក្រុងទីក្រុង Robertsdale រដ្ឋ Alabama ជិតទីក្រុង Mobile សហរដ្ឋ​អាមេរិក។ ឪពុក​របស់គាត់ គឺជាបុគ្គលិក​នៅកន្លែង​សាង​សង់​នាវា ហើយម្តាយ​របស់គាត់ គឺជាបុគ្គលិក​ធ្វើការតាមផ្ទះ(បុគ្គលិក​ដែលធ្វើការ ដោយពុំចាំ​បាច់​ទៅ​ក្រុមហ៊ុន)។ 
ការសិក្សា
លោក Tim Cook បានបញ្ចប់ការ​សិក្សាថ្នាក់​វិទ្យាល័យ​នៅឯវិទ្យាល័យ Robertsdale និងបញ្ចប់ការ​សិក្សាថ្នាក់​បរិញ្ញាប័ត្រ​វិទ្យាសាស្រ្ត ផ្នែកវិស្វកម្ម​ឧស្សាហកម្ម​ពីមហា​វិទ្យាល័យ Auburn ក្នុងឆ្នាំ 1982។ មិនតែ​ប៉ុណ្ណោះ លោក Tim Cook បានបន្តរៀន រហូតដល់​បញ្ចប់ការ​សិក្សាថ្នាក់​អនុបណ្ឌិត​ពីសាលា​ជំនួញ Fuqua នៃសាកល​វិទ្យាល័យ Duke ក្នុងឆ្នាំ 1988។
បទពិសោធន៍
- លោក Tim Cook ធ្លាប់ធ្វើការ​នៅ​ក្រុមហ៊ុន IBM អស់រយៈពេល 12 ឆ្នាំ (ពីឆ្នាំ 1983-1994) ដោយកាន់​តំណែង​ជានាយក​គ្រប់គ្រង។
- កាន់តំណែងជា COO (Chief Operating Officer) នៅក្រុមហ៊ុន Intelligent Electronics ពីឆ្នាំ 1994-1997
- ក្រោយមក លោក Tim Cook បានចំណាយពេល 6 ខែ ដើម្បីធ្វើការនៅ​ក្រុមហ៊ុន Compaq ដោយមាន​មុខនាទី​ជាអនុប្រធាន ហើយទទួល​ខុសត្រូវ​លើការ​ស្វែង​រក និងគ្រប់គ្រង​ផលិតផល​ទាំងអស់​របស់ក្រុមហ៊ុន Compaq មុននឹងគាត់ត្រូវ​បានលោក Steve Jobs ជួលឲ្យមក​ធ្វើការនៅ​ក្រុមហ៊ុន Apple ក្នុងឆ្នាំ 1998។
- ពេលចូល​មកធ្វើការ​ក្នុងក្រុមហ៊ុន Apple មុនដំបូង គាត់បានកាន់​តួនាទីជា​អនុប្រធាន​ ជាន់ខ្ពស់ដោយធ្វើការកែទម្រង់ប្រព័ន្ធការផលិត ដែលគ្មានប្រសិទ្ធភាព ហើយរៀបចំប្រព័ន្ធការគ្រប់គ្រងទំនិញសារជាថ្មីទាំងអស់ ដើម្បីកាត់បន្ថយការចាយវាយ ដែលច្រើន​ជ្រុលពេក។
- ក្នុងខែ មករា ឆ្នាំ 2007 លោក Tim Cook ត្រូវបាន​ឡើង​តំណែង​ជា COO (Chief Operating Officer) ប្រចាំក្រុមហ៊ុន Apple
- លោក Cook បានកាន់​តំណែងជា CEO បានរយៈ​ពេល 2 ខែ ក្នុងឆ្នាំ 2004 នៅពេល​ដែល​លោក Steve Jobs សំរាកពីការងារ ដើម្បីទទួល​ការវះ​កាត់ និងព្យាបាល​ជម្ងឺ​មហារីក​លំពែង។
- ក្នុងឆ្នាំ 2009 លោក Cook បានកាន់​តំណែងជា CEO ម្តងទៀត ដោយក្នុង​លើកនេះ លោកបាន​កាន់តំណែង​ជាច្រើនខែ ដោយសារ​លោក Steve Jobs បានសំរាក​ពីការងារ ដើម្បីវះកាត់​ប្តូរថ្លើម។
- ក្នុងខែ​ មករា ឆ្នាំ 2011 គណៈកម្មាការ​របស់​ក្រុមហ៊ុន Apple បានអនុម័តការ​សុំ​សំរាក ដោយសារ​មាន​ជម្ងឺឲ្យ​លោក Steve Jobs សារជា​ថ្មីម្តង​ទៀត។ ក្នុងកំឡុង​ពេល​នោះ លោក Cook បានទទួល​ខុសត្រូវលើ​ប្រតិបតិ្តការ​ជាច្រើន​របស់​ក្រុមហ៊ុន Apple។
- ដោយសា​រការ​លាលែង​តំណែងរបស់លោក Steve Jobs ក្នុងថ្ងៃទី 24 ខែ សីហា ឆ្នាំ 2011 នោះ លោក Tim Cook ត្រូវបាន​ស្នង​តំណែងជា CEO បន្ទាប់​ពីលោក Steve Jobs។
- ក្រៅពី​កាន់​តំណែង​ជា CEO ក្នុងក្រុមហ៊ុន Apple ហើយនោះ លោក Tim Cook ថែមទាំងមាន​តំណែងជា​គណៈកម្មការ​ប្រចាំ​ក្រុមហ៊ុន Nike ផងដែរ។
តួនាទី និងសកម្មភាពផ្សេងៗក្នុងក្រុមហ៊ុន Apple
- លោក Tim Cook គឺជាដៃស្តាំ ដែលលោក Steve Jobs ទុកចិត្តបំផុត ហើយនៅពេលលោក Steve Jobs មានផែនការណ៍ធំក្នុងការធ្វើអ្វីមួយនោះ លោក Tim Cook គឺជាអ្នកគាំទ្រ និងព្យាយាមធ្វើផែនការណ៍នោះឲ្យបានសម្រេច។
- លោក Tim Cook បានកែសំរួលប្រព័ន្ធក្នុងការផលិតទំនិញរបស់ក្រុមហ៊ុន Apple រហូតធ្វើឲ្យគូប្រជែងមិនអាចតាមទាន់។
- ក្នុងឆ្នាំ 1997 ក្រុមហ៊ុន Apple បានខាតដើមទុនដល់ទៅ 1 កោដដុល្លារ ហើយលោក Tim Cook បានបញ្ជាឲ្យបិទរោងចក្រ និងឃ្លាំងទំនិញជាច្រើនកន្លែង ដែលដំណើរការ ដោយខាតដើមទុន រួចផ្លាស់ប្តូរទៅជួលរោងចក្រក្នុងតំបន់អាស៊ីឲ្យផលិតទំនិញវិញ ហើយធ្វើការប្រមូលទំនិញដោយខ្លួនឯង។ ហេតុនេះហើយ យើងសង្កេតឃើញថា ក្រោយៗមកនេះ រាល់ផលិតផលរបស់ក្រុមហ៊ុន Apple ទាំងអស់ ត្រូវបានបញ្ជូនដោយផ្ទាល់ពីរោងចក្រក្នុងប្រទេសចិនទៅកាន់ក្រុមហ៊ុន Apple ហើយពុំមានការស្តុកទំនិញទុកច្រើនដូចមុនទៀតឡើយ។
សន្ទរកថា
          ការសម្រេចចិត្តរួមការងារជាមួយក្រុមហ៊ុន Apple គឺជាការសម្រេចចិត្តដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ។˝ លោក Tim Cook បានថ្លែងពាក្យសម្តីនេះក្នុងពិធីទទួលបរិញ្ញាប័ត្រនៅមហាវិទ្យាល័យ Auburn។ លោក Tim Cook បានបន្តទៀតថា “រយៈពេលមិនដល់ 5 នាទីក្នុងការសម្ភាសន៍ការងារជាមួយលោក Steve Jobs ខ្ញុំបានសម្រេចចិត្តព្រមប្រថុយរួមការងារជាមួយក្រុមហ៊ុន Apple ព្រោះខ្ញុំចង់ធ្វើការជាមួយក្រុមហ៊ុន Apple។˝
ទ្រព្យសម្បតិ្ត និងកិត្តិសព្ទ
-       ប្រាក់ចំណូលៈ 59,092,572ដុល្លារ
-       ប្រាក់បំណាច់ឆ្នាំៈ 5 លានដុល្លារ
-       មានសិទ្ធក្នុងការទិញភាគហ៊ុន ដោយមានចំនួនទឹកប្រាក់ 52,334,250 ដុល្លារ
-       ជាប់ចំណាត់ថ្នាក់ជាបុគ្គល ដែលមានឥទិ្ធពលបំផុតចំណាត់ថ្នាក់លេខ 58 (រៀបចំដោយទស្សនាវដ្តី Forbes)
ចំណង់ចំណូលចិត្ត
លោក Tim Cook ជាបុគ្គល ដែលចូលចិត្តការហាត់ប្រាណ ដោយលោកតែងតែទៅដើរឡើងលើភ្នំ ជិះកង់ និងទៅក្លឹបហាត់ប្រាណជាញឹកញាប់។
ប្រវតិ្តក្រុមហ៊ុន Apple
-       បង្កើតឡើងក្នុងថ្ងៃទី 1 ខែ មេសា ឆ្នាំ 1976
-       ទីតាំងៈ Apple Campus ផ្លូវ Infinite Loop ទីក្រុង Cupertino រដ្ឋ California
-       អ្នកបង្កើតៈ Steve Jobs, Steve Wozniak និងRonald Wayne
-       បុគ្គលសំខាន់ៗ: លោក Tim Cook (CEO), លោក Arthur D. Levinson (ប្រធាន) និងលោក Jonathan Ive (រចនាម៉ូតផលិតផល)
-       Steve Jobs (ប្រធានពីឆ្នាំ 1976-1985 និង CEO ពីឆ្នាំ 1997 ដល់ 2011)
-       បុគ្គលិក 60 400 នាក់ (ទិន្នន័យឆ្នាំ​ 2011)

 -       ប្រាក់ចំណូលៈ 108.249កោដដុល្លារ (ទិន្នន័យឆ្នាំ 2011)

Post a Comment

 
Top