0
ក្រោយ​ពីបណ្តោយ​ឲ្យអ្នកប្រើប្រាស់​ជាច្រើនទូ​ទាំង​ពិភពលោក រង់ចាំការ​បង្ហាញ​ខ្លួន​របស់ទូរស័ព្ទ iPhone 5 ស៊េរីថ្មី​អស់រយៈ​ពេលជា​យូររួចមក។ ថ្មីៗនេះ ក្រុមហ៊ុន Apple បែរជា​បង្វែរមក​ធ្វើការដាក់​លក់​ទូរស័ព្ទ iPhone 4S ជំនួស​វិញ ដោយ​ទូរស័ព្ទ​នេះ​មាន​រូបរាង​ដូចទូរស័ព្ទ iPhone 4 ដដែល តែបាន​អភិវឌ្ឍឲ្យ​មាន​ល្បឿនលឿន​ជាងមុន កាមេរ៉ាធំ​ជាងមុន រួចបានបំពាក់ Dual Core​ A5 Chip រួមជាមួយ​ប្រព័ន្ធ​ប្រតិបតិ្តការ iOS 5 និងសេវាកម្មiCloud ដែល​បាន​បើកបង្ហាញ​កាលពីប៉ុន្មានខែមុន​នេះភ្ជាប់មក​ជា​មួយ។ មិនតែ​​ប៉ុណ្ណោះ ទូរស័ព្ទ iPhone 4S នៅមាន​​មុខងារ​ថ្មីៗ​​ជាច្រើនទៀត​ដែលប្រិយមិត្តគួរ​ស្វែងយល់ មុននឹង​ជ្រើសរើស​ទិញ​វាមកប្រើប្រាស់​ដែលរួមមាន​ដូចតទៅ។  
1.    Dual-Core A5 Chip
Dual Core A5 Chip ស៊េរីថ្មី ដែល​បាន​បំពាក់ក្នុង​ទូរស័ព្ទ iPhone 4S មានប្រសិទ្ធភាព​ទ្វេដងជា​ហេតុធ្វើឲ្យ​ការបង្ហាញ​ក្រាហ្វិក​មានល្បឿន​លឿន​ជាងមុន 7 ដង​ឯណោះ។ ហេតុនេះ​ហើយ ពេល​ប្រើប្រាស់​កម្មវិធី ឆែក​គេហទំព័រ លេង​ហ្គេម ឬធ្វើអ្វីៗ​ផ្សេងទៀត​លើទូរស័ព្ទ iPhone 4S លោកអ្នក​នឹងមានអារម្មណ៍​ថា​វាពិតជា​មានប្រសិទ្ធភាព​ខ្ពស់ និងមាន​ល្បឿន​លឿន​ពិតប្រាកដមែន។ ជាពិសេស​គឺការលេង​ហ្គេម​នឹង​មាន​សភាព​រលូន​ល្អជាង​មុន រួចមាន​លក្ខណៈ​រស់រវើក​ដូចធម្មជាតិ។ ម្យ៉ាងទៀត លោកអ្នកអាច​ប្រើប្រាស់​វាបាន​កាន់​តែយូរ​ជាងមុន ដោយសារ​ថាមពល​ថ្ម​មានគុណភាព​កាន់តែល្អ។
2.    Siri ជំនួយការដ៏វ័យឆ្លាត
Siri គឺជាមុខងារ​ដំឡើង​រួចជាស្រេច​ក្នុងទូរស័ព្ទ iPhone 4Sដែល​ធ្វើឲ្យលោក​អ្នកអាច​ប្រើប្រាស់​សម្លេងរបស់​ខ្លួន ដើម្បីបញ្ជា​ទូរស័ព្ទ iPhone 4S ឲ្យធ្វើអ្វីមួយ ប្រៀបដូច​ជានិយាយ​ទៅកាន់មនុស្ស​ណាម្នាក់អញ្ចឹង ព្រោះវា​មិនត្រឹមតែ​យល់ពីអ្វី ដែលលោក​អ្នក​និយាយ​ប៉ុណ្ណោះទេ ថែមទាំង​ដឹងថា​លោកអ្នក​មានន័យ​យ៉ាងម៉េ​ច​ទៀតផង។ ឧទាហរណ៍ៈ លោកអ្នកអាច​សួរសំនួរ​ដូចជាៈ តើខ្ញុំចាំបាច់​ត្រូវប្រើប្រាស់​ឆ័ត្រដែរឬទេ? តើមាន​ប៊ឺហ្គឺឆ្ងាញ់ៗ​នៅជិតនេះ ឬក៏អត់? ឬសួរថាតើទូរ ATM ស្ថិតនៅកន្លែងណាជាដើម។ បន្ទាប់មក វានឹងឆ្លើយ​តប​ទៅលោក​អ្នកវិញ ប្រៀបបាន​នឹងជំនួយការ​មួយដ៏ស្ទាត់​ជំនាញ​របស់​លោកអ្នក។ បន្ថែម​ពីលើនេះ លោកអ្នកអាចបញ្ជាឲ្យ Siri ធ្វើការ​ហៅចេញ កំណត់​ពេលវេលា​ណាត់ជួប កំណត់ឲ្យ​ទូរស័ព្ទ​ធ្វើការ​ក្រើនរំឮក អានសារ​ឲ្យស្តាប់ ស្វែង​រកហាងអាហារ សួរទាក់ទង​នឹងអាកាសធាតុ ឬប្រាប់​ផ្លូវខណៈពេល​កំពុង​បើកបរ​រថយន្តបាន​ផងដែរ។បញ្ជាក់ៈ មុខងារ Siri នៅមានលក្ខណៈជា Beta នៅឡើយទេ។
3.     កាមេរ៉ា 8 មេហ្គាភិចសែល
ក្រៅពីលក្ខណៈ​សម្បត្តិ​សំខាន់ទាំង 2 ខាងលើ​ហើយ ទូរស័ព្ទ iPhone 4S ក៏បាន​អភិវឌ្ឍ​កាមេរ៉ាពីទំហំ 5 មេហ្គាភិច​សែល​មកជា 8 មេហ្គាភិច​សែល​ផងដែរ។ ក្រៅពីនេះ វាបាន​ប្រើប្រាស់​កញ្ចក់កាមេរ៉ា Optics ប្រភេទថ្មី ហើយមាន​ភិចសែល​ធំជាង​កាមេរ៉ា​របស់ទូរស័ព្ទ iPhone 4 ដល់ទៅ 60 % និងមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ចាប់យក​ពន្លឺ(f/2.4)។ មិនតែ​ប៉ុណ្ណោះ វាបាន​កែ​ច្នៃ​ប្រព័ន្ធ Auto White Balance, Face Detection, Color Accuracy ឲ្យមានសមត្ថភាព​កាន់តែ​ល្អឥតខ្ចោះ និងកាត់​បន្ថយ Motion Blur ផងដែរ។ ដោយ​សារការ​ភ្ជាប់​​កាមេរ៉ា ដែលមាន​ទំហំ​មេហ្គាភិច​សែល​ធំជាងមុន និងទទួលពន្លឺ​បាន​ល្អនោះ លោកអ្នក​នឹង​សង្កេត​ឃើញភាព​ខុសប្លែក​គ្នា​ចំពោះ Resolution របស់រូបភាព​ក្រោយ​ពេល​ថតរួច។ បន្ទាប់​ពីថត​រូបភាព​រួច លោកអ្នក​អាចកាត់​បង្រួម បង្វិល ឬលុបភ្នែក​ក្រហម​លើរូបភាព​បានលើទូរស័ព្ទ​ផ្ទាល់​តែម្តង។
4.       ថតវីដេអូកំរិត HD 1080p
លោកអ្នកអាច​ថត​វីដេអូ​បានគ្រប់​ទីកន្លែង​ជាមួយ​គុណភាព HD 1080p ក្នុងល្បឿន 30 fps ដោយមាន​ពន្លឺភ្លឺដូច​ធម្មជាតិ និងពណ៌​ស្រស់​រស់រវើក​ជាងមុន។ មិនតែ​ប៉ុណ្ណោះ ដោយសារ​ទូរស័ព្ទ iPhone 4S បានភ្ជាប់​ប្រព័ន្ធ Image Stabilization និង Noise Reduction មកជា​ស្រេច។ ដូច្នេះហើយ ទូរស័ព្ទនេះ​អាចការពារ​ភាព​រំញ័រក្នុង​ពេលថត និងកាត់បន្ថយ​ស្នាមអុច ​លើរូបភាព​ក្នុងពេលថត​នៅទីងងឹត​បានយ៉ាងល្អ ហើយផ្តល់​មកវិញ​នូវ​​​​​វីដេអូគុណ​ភាព​ខ្ពស់។ បន្ទាប់​ពីថតវីដេអូរួច​លោកអ្នកអាច​កាត់តវីដេអូ​តាមរយៈ​​កម្មវិធី iMovie លើទូរស័ព្ទiPhone 4S ផ្ទាល់ហើយ​ចែករំលែកទៅ​កាន់មិត្តភក្តិជា​ទីស្រលាញ់​បានភ្លាមៗតែម្តង។  
5.    ប្រព័ន្ធប្រតិបត្កិការគុណភាពខ្ពស់ iOS 5
ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS5 ថ្មីនេះ លោកអ្នក​នឹងទទួល​បានភាពងាយ​ស្រួលក្នុងការ​ប្រើប្រាស់​លើទូរស័ព្ទ iPhone 4S រួមជា​មួយ​មុខងា​រ​ថ្មីជា​ច្រើនដល់​ទៅជាង 200 ប្រភេទ។ មួយក្នុង​ចំណោម​មុខងារ​ទាំង​អស់​នោះ រួមមាន iMessage ដែលត្រូ​វ​បានបង្កើត​ឡើង​សំរាប់​បញ្ជូនសារ រូបភាព ឬវីដេអូ​រ​វាង​ឧបករណ៍​ដំណើ​រ​ការ​ដោយប្រព័ន្ធប្រតិបតិ្តការ iOS ទាំងអស់ ស្រដៀង​នឹងកម្មវិធី BBM លើទូរស័ព្ទ Blackberry ដែរ។ បន្ថែម​ពីលើនេះ iOS 5 ព្រមទាំង​បានភ្ជាប់ Notification Center ឬប្រព័ន្ធ​ដាស់​តឿន​ស៊េរីថ្មី ដើម្បីជំនួស​ឲ្យប្រព័ន្ធ​ដាស់តឿន​ស៊េរីចាស់ ដែលតែង​តែ​លោតផ្ទាំង POP-UP ឡើងឲ្យអ្នក​ប្រើប្រាស់​ឃើញ​ពេលបើក​គេហទំព័រ Chat ឬលេង​ហ្គេម​ជាដើម។ម្យ៉ាងទៀត Safari Mobile ក្នុង​ iOS 5 បានបន្ថែម​មុខងារ Reading List ចូលមក ដើម្បីឲ្យ​អ្នក​ប្រើប្រាស់អាច Save គេហទំព័រ​ទុកសំរាប់​អានពេល Offline បាន រួចព្រម​ទាំង​ភ្ជាប់TAB មកជា​មួយ​បាន​ផងដែរ។ ជាងនេះទៅទៀត iOS 5 នៅមាន​កម្មវិធី Twitterសំរាប់ Sign in ចូលទៅអាប់​ដេតស្ថាន​ភាព​ផ្ទាល់ខ្លួន និងកម្មវិធី Reminder សំរាប់កត់ត្រា​កាល​បរិច្ឆេទ មុខម្ហូប និងព្រឹត្តិការណ៍​ណាមួយដោយ​ភ្ជាប់ជាមួយ​ទីតាំង ព្រមទាំង​ពេលវេលា​ដើម្បី​ឲ្យទូរស័ព្ទ​ជួយក្រើនរំឮក​ដល់អ្នកប្រើប្រាស់ ក្នុងគោល​បំណងជៀស​វាងការ​ភ្លេច​ភ្លាំង​។​
6.       សេវាកម្ម iCloud
iCloud គឺជា​វិធីដ៏​ងាយ​ស្រួល​បំផុត ក្នុងការ​គ្រប់គ្រង​​ឯកសារ​ផ្ទាល់ខ្លួន ព្រោះវាអាច​ស្តុកទុក​នូវបទ​ចំរៀង រូបភាព កម្មវិធី មែល សៀវភៅទូរស័ព្ទ ឯកសារ និងអ្វីៗ​ជាច្រើន​ទៀត។ ដោយ​សារ​សេវាកម្ម iCloud ដ៏អស្ចារ្យ​នេះ បទចំរៀង ដែល​លោក​អ្នកបាន​ទិញក្នុង iTunes អាចធ្វើការបង្ហាញ​លើទូរស័ព្ទ​បានដោយ​ស្វ័យប្រវត្តិ។ មិនតែ​ប៉ុណ្ណោះ ជាមួយ​មុខងារ Photo Stream ក្នុង iCloud នេះ លោកអ្នកអាច​ថតរូបភាព​លើទូរស័ព្ទ iPhone 4S ដើម្បីធ្វើការ​បង្ហាញរូបភាព​ទាំងអស់នោះ ដោយស្វ័យ​ប្រវតិ្តលើ​ឧបករណ៍​ដទៃទៀត ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបតិ្តការ iOS ដូចគ្នាបាន។ បន្ថែមពីលើនេះ លោកអ្នក​អាចរក្សា​ទុក​ឯកសារ​ប្រភេទ Presentation ឬរបាយ​ការណ៍ រួមទាំង​ឯកសារ​ផ្សេងទៀតលើ iCloud ហើយ​គ្រប់ពេល ដែល​ធ្វើការ​កែ​សំរួល​ឯកសារ​ទាំងនោះ វានឹង​អាប់ដេត​ដោយស្វ័យ​ប្រវតិ្តលើ iCloud តែម្តង។
7.    មុខងារFaceTime កាន់តែមានប្រសិទ្ធភាពខ្ពស់
មុខងារ FaceTime ត្រូវបានអភិវឌ្ឍ​ឲ្យមាន​សមត្ថភាព​ខ្ពស់​ជាងមុន ដើម្បីឲ្យការ​សន្ទនា​ឃើញមុខគ្នា​ពីទូរស័ព្ទ iPhone ទៅកាន់ iPhone, iPad 2, iPod Touch ឬ Mac តាមរយៈប្រព័ន្ធ Wi-Fi កាន់តែ​រលូនល្អ។ អាស្រ័យ​ហេតុនេះ​ទោះ​បីជា​ស្ថិតនៅ​ទីណា​ក៏ដោយ លោកអ្នក​នៅអាច​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ឬក្រុម​គ្រួសារ​បានដដែល។ បន្ថែម​ពីលើនេះ លោកអ្នកអាច​ហៅចេញ​តាមរយៈមុខងារ FaceTime ដោយ​ប្រើប្រាស់​មុខងារ Siri ហើយគ្រាន់​តែនិយាយថាៈ “FaceTime ទៅកាន់ម៉ាក់” ប៉ុណ្ណោះ។
8.    ហៅចេញកាន់តែងាយ និងកាន់តែលឿន
iPhone 4S គឺជាទូរស័ព្ទ​ដំបូង​បង្អស់ ដែលមាន​ភាពវ័យ​ឆ្លាតក្នុងការ​បញ្ជូន​ និងទទួល​ទិន្នន័យ​រវាងអង់តែន 2។ ហេតុនេះ​ហើយ ទើបវា​ធ្វើឲ្យ​កា​រ​ហៅចេញ​លើទូរស័ព្ទ iPhone 4S មានលក្ខណៈ​កាន់តែល្អ​ជាងមុន។ បន្ថែម​ពីលើនេះ ការប្រើប្រាស់​តាមរយៈ​ប្រព័ន្ធ 3G ប្រភេទ HSDPA គឺមាន​ល្បឿន​លឿនជាង​មុនទ្វេដង​ដល់ទៅ 14.4 Mbps ដោយ​ទូរស័ព្ទ iPhone 4 មាន​ល្បឿន​ត្រឹម​ 7 Mbps ប៉ុណ្ណោះ។ ហេតុនេះ​ហើយ លោក​អ្នក​អាចតភ្ជាប់​លឿន​ជាងមុន ហើយ Load និង Reload លឿនជាង​មុន រួចព្រម​ទាំង​ដោនឡូដ​បាន​លឿន​ជាងមុន​ផងដែរ។ សរុប​សេចក្តីមក iPhone 4S ត្រូវបាន​ចាត់ទុកថា ជា​ទូរស័ព្ទ ដែល​មាន​លក្ខណៈ​សាកល អាចប្រើប្រាស់​បានគ្រប់​ទីកន្លែង ទោះបីជា​តំបន់រស់នៅ​ប្រើប្រាស់​ប្រព័ន្ធ GSM ឬ CDMA ក៏ដោយ។

Post a Comment

 
Top