0

លោក Bill Gates ឬ William Gates III គឺជា​អ្នក​ច្នៃ​ប្រឌិត អ្នកជំនួញ និងជា​បុគ្គល​មួយរូប ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន។ សព្វថ្ងៃ​នេះលោក​មាន​មុខ​តំណែង​ជាប្រធាន​ក្នុងក្រុមហ៊ុន Microsoft ដែលជា​ក្រុមហ៊ុន Software ដ៏ធំ​បំផុត​នៅលើ​ពិភព​លោក ហើយត្រូវ​បាន​បង្កើត​ឡើង ដោយ​ស្នាដៃ​របស់​គាត់​ផ្ទាល់ ក្រោម​ការ​សហការណ៍​គ្នាជា​មួយមិត្តភក្តិ​ជិត​ស្និទ្ធ​របស់​គាត់ គឺលោក Paul Allen។
ក្រុមគ្រួសារ
លោក Bill Gates កើត​នៅថ្ងៃ​ទី 28 ខែ តុលា​ ឆ្នាំ 1955 ដោយ​មាន​ទីកន្លែង​កំណើតក្នុង​ទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក។ គាត់គឺជា​កូនប្រុស​តែម្នាក់គត់​របស់លោក William H. Gates, Sr. ដែល​ជា​មេធាវី សប្បុរសជន និងជា​អ្នក​និពន្ធ​សៀវភៅ​រឿង Showing Up for Life: Thoughts on the Gifts of a Lifetime ជាមួយ​អ្នកស្រី Mary Maxwell Gates. ដែល​ជាគណៈ​កម្មការ​របស់​ក្រុមហ៊ុន First Interstate Banc System និង United Way។ ឪពុក​ម្តាយ​របស់គាត់ មានសញ្ជាតិ​ដើម​ជាជន​ជាតិ​អង់គ្លេស អាល្លឺម៉ង់ និង Scotch-Irish។ លោក Bill Gates នៅមាន​បង​ស្រីម្នាក់​ទៀត​ឈ្មោះ Kristianne និងប្អូន​ស្រីម្នាក់​ឈ្មោះ Libby។  
សង្ខេបប្រវត្តិការសិក្សា និងការងារ
ពេល​មាន​អាយុ 13 ឆ្នាំ លោក Bill Gates បាន​ចូល​សិក្សា​នៅសាលា​រៀន Lakeside ដែលជា​អនុវិទ្យាល័យដ៏ល្អ​បំផុត​ក្នុង​ទីក្រុង Seattle ហើយបានរៀន​សរសេរ Code កុំព្យូទ័រ ដោយ​ប្រើប្រាស់​កុំព្យូទ័រ​ប្រភេទ Mini នៅ​សាលា​រៀននេះ និងបាន​ស្គាល់​លោក Paul Allen ផងដែរ។ បន្ទាប់មក​នៅឆ្នាំ 1973 លោក​បាន​បន្តចូលរៀន​នៅសាកលវិទ្យាល័យ Harvard ហើយ​បានរស់​នៅក្នុង​បន្ទប់​ស្នាក់​របស់​សាលារៀន​ជាមួយលោក Steve Ballmer ដែលមានតួនាទីជា CEO ប្រចាំក្រុមហ៊ុន Microsoft ក្នុងពេល​សព្វថ្ងៃ​នេះ។ ពេល​សិក្សា​នៅ Harvard លោក Bill បានអភិវឌ្ឍន៍​ភាសា Program BASIC សំរាប់ Microcomputer ដំបូង​បង្អស់​ឲ្យ​ក្រុមហ៊ុន MITS (Micro Instrumentation and Telemetry Systems)​។ ក្រោយ​មក លោក Bill Gates បានផ្អាកការ​សិក្សា ដើម្បី​ផ្តោត​សំខាន់​លើការ​គ្រប់គ្រង​ក្រុមហ៊ុន Microsoft ដែលបាន​បង្កើត​ឡើងក្នុងឆ្នាំ 1975 ក្រោមការ​សហការណ៍​គ្នាជា​មួយ​មិត្តភក្តិជិត​ស្និទ្ធ​របស់លោក គឺ Paul Allen។ លោក Bill Gates បាន​ជឿជាក់​ថា កុំព្យូទ័រ​គឺជា​ឧបករណ៍​ដ៏មាន​តម្លៃ​មួយ​សំរាប់​ប្រើប្រាស់​ក្នុង​ការិយាល័យ និងគេហដ្ឋាន។ ដូច្នេះ​ហើយ គាត់ និងមិត្តភក្តិបានចាប់​ផ្តើម​អភិវឌ្ឍ Software សំរាប់​កុំព្យូទ័រ ដែល​ប្រើប្រាស់​ជាលក្ខណៈ​ផ្ទាល់​ខ្លួន រួចទទួល​បាន​ជោគជ័យ​យ៉ាងធំធេង​ក្នុង​ឧស្សាហ​កម្ម​​កុំព្យូទ័រ។ ក្រោមការ​ដឹកនាំ​របស់លោក Bill Gates ក្រុមហ៊ុន Microsoft បានបន្ត​ឈាន​ទៅមុខ និងបង្កើន​សមត្ថភាព​របស់​បច្ចេកវិទ្យា Software ឲ្យកាន់​តែ​ងាយស្រួល​ប្រើប្រាស់ មាន​ប្រសិទ្ធភាព  និងមានភាព​សប្បាយ​រីករាយ។ ក្នុងឆ្នាំ 1999 លោក Bill Gates បាន​សរសេរ​សៀវភៅ​មួយ​ឈ្មោះថា "Business @ the Speed of Thought" ដើម្បី​បង្ហាញថា “តើកុំព្យូទ័រ​អាចដោះស្រាយ​បញ្ហាជំនួញ​ក្នុងវិធី​ថ្មីបាន​យ៉ាងដូចម្តេច? ”សៀវភៅនេះត្រូវ​បានបោះពុម្ព​ដល់ទៅ 25 ភាសា ហើយបាន​ដាក់​លក់​ជាង 60 ប្រទេស។ មិនតែ​ប៉ុណ្ណោះ សៀវភៅ​មួយក្បាល​នេះ ត្រូវបាន​រាប់បញ្ចូល​ជាសៀវភៅ​លក់ដាច់​ច្រើនបំផុត ដោយ​ទស្សនាវដ្តី New York Times, USA Today, The Wall Street Journal និងនៅលើ​គេហទំព័រ Amazon.com។ បន្ថែម​ពីលើនេះ ដោយសារ​សេចក្តី​ស្រលាញ់​លើកុំព្យូទ័រ និង Software នោះលោក Bill Gates បាន​បង្កើត​ក្រុមហ៊ុន Forbis ដែលជា​ក្រុមហ៊ុន​មួយ មានតួនាទី​គ្រប់គ្រង​ និងជា​ម្ចាស់​កម្មសិទ្ធ​លើរូបភាព​ផ្សេងៗ ដូចជាៈ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម សៀវភៅ កាសែត ទស្សនាវដ្តី ទូរទស្សន៍ និងខ្សែ​ភាព​យន្ត​ជា​ដើម។ ម្យ៉ាងទៀត លោក Bill Gates ថែមទាំងមាន​តួនាទី​ជា​សមាជិក​គណៈកម្មការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Berkshire Hathway Inc. ផងដែរ។
មូលនិធិ TheBill & Melinda Gates Foundation
ក្នុងឆ្នាំ 2000 លោកBill Gates និង​ភរិយា​បាន​បង្កើតមូលនិធិ​មួយឈ្មោះថាThe Bill & Melinda Gates Foundation ដែលជា​អង្គភាព​សប្បុរស​មួយ បង្កើតឡើង​សំរាប់​ជួយកាត់​បន្ថយ​ភាព​អយុត្តិធម៌​ក្នុង​សហរដ្ឋអាមេរិក និង​នៅ​ជុំវិញ​ពិភពលោក។ មូលនិធិ​នេះព្រម​ទាំង​ជួយ​ឧបត្ថម្ភ​ដល់​ការសិក្សា និងការ​ការពារ​ជម្ងឺអេដស៍ ដែលជា​ជម្ងឺរាតត្បាត​ផងដែរ។  
ដើម្បីស្វែង​យល់​ពីព័ត៌មាន​លម្អិត​របស់​មូល​និធិនេះ សូមចូលទៅ​កាន់​គេហទំព័រ www.gatesfoundation.org
ជីវិតផ្ទាល់ខ្លួន
លោក Bill Gates បានរៀបអាពាហ៍​ពិពាហ៍​ជាមួយអ្នកស្រី Melinda French នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 1994 ដោយមាន​កូន​ចំនួន 2 នាក់ឈ្មោះ Jennifer Katharine (កើតឆ្នាំ 1996) និង Phoebe Adele (កើតឆ្នាំ 2002) រួច​មាន​កូនប្រុស​ម្នាក់​ទៀតឈ្មោះ Rory John (កើតឆ្នាំ 1999)។ គេហដ្ឋាន​របស់​លោក Bill Gates គឺជាផ្ទះដែល​សាងសង់​ឡើងនៅ​លើដំបូក ជាប់នឹងមាត់បឹង Washington នៅឯ Medina ហើយ​ត្រូវ​បាន​រចនា​ជាផ្ទះ​សម័យថ្មី​ក្នុង​សតវត្សរ៍​ទី 21។ មិនតែ​ប៉ុណ្ណោះ នៅជុំវិញផ្ទះ ថែមទាំង​មានប្រព័ន្ធ​អេឡិច​ត្រូនិច​ទាន់​ស​ម័យបំពាក់​នៅគ្រប់ទីក​ន្លែងតែម្តង។ លើសពីនេះ ក្នុងផ្ទះ​ព្រម​ទាំងមាន​បន្ទប់​ដាក់​សៀវភៅ​ខ្នាតធំ និងបន្ទប់​អាន​សៀវភៅ ដែលដំបូល​មានរាង​ដូចវិហារ​ចាមផងដែរ។ ជាងនេះ​ទៅ​ទៀត ផ្ទះរបស់​លោក Bill Gates មាន​ប្រវែង​ដល់ទៅ 6,100 ម៉ែត្រការេ ដោយអាង​ហែលទឹកមាន​ប្រវែង 18 ម៉ែត្រ ហើយបាន​ភ្ជាប់ប្រព័ន្ធ​បទ​ចំរៀង​ក្រោម​ទឹកមក​ជាមួយថែមទៀតផង។ ចំពោះកន្លែង​ហាត់ប្រាណ​វិញ មានប្រវែង230 ម៉ែត្រការេ និងបន្ទប់​ទទួល​អាហារ​មានប្រវែង 93 ម៉ែត្រការេ។ តាមរយៈ​របាយការណ៍​របស់ King County ក្នុង​ការ​ប៉ាន់​ប្រមាណ​តម្លៃសរុបនៃ​អចលនទ្រព្យក្នុងឆ្នាំ 2006 បានឲ្យដឹងថា ផ្ទះ និ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងដីរបស់លោក Bill Gates មាន​តម្លៃ​សរុប​ទាំង​អស់​ចំនួន 125 លានដុល្លារ ដោយត្រូវ​បង់ពន្ធ​ដល់​ទៅ 991,000 ដុល្លារឯណោះ។
Windows
-       ក្រុមហ៊ុន Microsoft បានបញ្ចេញWindows 1.0 ក្នុងថ្ងៃទី 20 ខែ​ វិច្ឆិកា ឆ្នាំ 1985
-       ក្នុងថ្ងៃទី 9 ខែ ធ្នូ ឆ្នាំ 1987ក្រុមហ៊ុន Microsoft បានបញ្ចេញ Windows 2.0 ដែលមានកម្មវិធី និង​មុខងារ​ជា​ច្រើន។
-       ក្នុងថ្ងៃទី 22 ខែ ឧសភា ឆ្នាំ 1990 ក្រោម​ការ​ដឹកនាំ​របស់ Bill Gates បានបង្កើត Windows ស៊េរីថ្មី ដែល​ហៅ​ថា Windows 3.0 ហើយ​លក់​បាន​ជាង 10 លាន Copy។ ហេតុនេះ​ហើយ ក្នុងថ្ងៃទី 6 ខែ មេសា ឆ្នាំ 1992 ក្រុមហ៊ុន Microsoft បន្ត​បញ្ចេញ Windows 3.1 បន្ថែម​មក​ភ្លាមៗ ដោយ​អាច Support ការ​ប្រើប្រាស់ Network បាន។
-       ដោយសារ​ទទួល​បាន​ជោគជ័យ ក្រុមហ៊ុន Microsoft បាន​បញ្ចេញWindows 95 ក្នុងថ្ងៃទី 24 ខែ សីហា ឆ្នាំ 1995 និង Windows 98 ក្នុងថ្ងៃទី 25 ខែ​ មិថុនា ឆ្នាំ 1998។ បន្ទាប់មក Windows 2000ត្រូវ​បាន​បញ្ចេញ​ក្នុងថ្ងៃទី 17 ខែ កុម្ភៈ ឆ្នាំ 2000 ស្រប​ពេល​ដែល Windows ME បាន​បន្តបញ្ចេញ​ក្នុងថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2000 ដដែលនេះ។ ចំណែកឯ Windows XP វិញ ត្រូវបាន​បញ្ចេញ​ក្នុងថ្ងៃទី 25 ខែ តុលា ឆ្នាំ 2001 ហើយ Windows Vista ត្រូវបាន​ចេញ​លក់ក្នុងថ្ងៃទី 23 ខែ ខែ កក្កដា ឆ្នាំ 2005 និង Windows 7 ក្នុងថ្ងៃទី 22 ខែ តុលា ឆ្នាំ 2009។
មហាសេដ្ឋីចំណាត់ថ្នាក់លេខ1
     តាមរយៈ​ការ​ចាត់ចំណាត់​ថ្នាក់​បុគ្គលល្បីៗ នៅលើពិភព​លោក​របស់​ទស្សនាវដ្តី Forbes បាន​បង្ហាញ​​ថា លោក Bil Gates បានជាប់​ចំណាត់​ថ្នាក់​លេខ 5 ក្នុង​ចំណោម​បុគ្គល ដែលមាន​ឥទ្ធិពល​បំផុត ហើយជាប់​ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិច្រើន​ជាង​គេចំណាត់​ថ្នាក់លេខ 1 ក្នុងសហរដ្ឋអាមេរិក  និងជាប់​ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិច្រើន​ជាង​គេចំណាត់​ថ្នាក់លេខ 2 នៅលើពិភព​លោក​ក្នុង​ពេលថ្មីៗ នេះ។ ថ្វីត្បិត​សព្វ​ថ្ងៃនេះ លោក Bill Gates ជាប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ 2 ក្នុងចំណោម​មហាសេដ្ឋី​ទូទាំង​ពិភពលោក តែកាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន លោកបាន​ជាប់​ចំណាត់​ថ្នាក់លេខ 1 ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់គ្នា ដែលរួមមាន​ដូចត​ទៅ។
ឆ្នាំ 1996: 18.5 កោដលានដុល្លារ ចំណាត់​ថ្នាក់លេខ 1
ឆ្នាំ 1997: 36.4 កោដដុល្លារ ចំណាត់ថ្នាក់លេខ 2
ឆ្នាំ 1998: 51.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 1999: 90.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2000: 60.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2001: 58.7 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2002: 52.8 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2003: 40.7 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2004: 46.8 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2005: 46.5 កោដដុល្លារ ចំណាត់ថ្នាក់លេខ1
ឆ្នាំ 2006: 52.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2007: 56.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2008: 58.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 3
ឆ្នាំ 2009: 40.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 1
ឆ្នាំ 2010: 53.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 2
ឆ្នាំ 2011:  ​56.0 កោដដុល្លារ ចំណាត់ថ្នាក់លេខ 2

Post a Comment

 
Top