0

លោក Peter Chou កាន់មុខ​តំណែង​ជាCEO ប្រចាំ​នៅ​ក្រុមហ៊ុន HTC (High Tech Computer Corporation) ដោយ​លោក​បានធ្វើការ​ក្នុងក្រុមហ៊ុន​នេះចាប់​តាំងពី​ក្រុមហ៊ុន HTC ទើបតែ​ចាប់ផ្តើម​បើកដំណើរ​ការ​ក្នុងឆ្នាំ 1997 មក​ម្ល៉េះ។
ក្រោមការ​ដឹកនាំ​ដ៏ឈ្លាស​វៃ​របស់​លោក Peter Chou ក្រុមហ៊ុន HTC បាន​ក្លាយ​ទៅជាអ្នកដឹកនាំ​ទីផ្សារ​ពិភព​លោក​លើ​ផ្នែក​ទំនាក់ទំនង​ឥតខ្សែ។ លោក Peter Chou មានបទ​ពិសោធន៍​ជាង 20 ឆ្នាំ លើ​វិស័យ​ឧស្សាហកម្ម IT ហើយបាន​បង្កើត​យុទ្ធសាស្រ្ត​ល្អៗ ប្រកបដោយភាព​ជា​អ្នក​ដឹកនាំ និង​ស្នាដៃ​ជំនួញ​ជា​ច្រើន។ ក្នុង​កំឡុង​ពេល ដែល​គាត់​កាន់​តំណែង ក្រុមហ៊ុន HTC បាន​លូតលាស់​រហូតក្លាយ​ទៅជា​អ្នក​ផលិត និង​រចនា​ទូរស័ព្ទ PDA និង Smartphone ដ៏ធំបំផុត​នៅ​លើពិភព​លោក។
កិត្តិសព្ទដ៏ល្បីល្បាញ
លោក Peter Chou ត្រូវបាន​ទទួល​ស្គាល់​ជា​បុគ្គល ដែល​មាន​គំនិត​ច្នៃប្រឌិត និងមានចក្ខុវិស័យខ្ពស់​ទាក់ទង​នឹង​ឧស្សាហកម្មទូរស័ព្ទ ដោយ​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ដូចជាៈ បុគ្គល ដែល​មានឥទ្ធិពល​បំផុតផ្នែក​ទូរស័ព្ទ​ចំណាត់​ថ្នាក់​លេខ 5 ពី​ទស្សនាវដ្តី Laptop រួមជា​មួយ​ពាន​រង្វាន់ Wireless Week Leadership Award ក្នុង​ឋានៈ​ជា​អ្នក ដែល​ទទួល​បាន​ជោគជ័យ​ខ្ពស់ផ្នែក Mobile Communication និងពាន​រង្វាន់​អ្នក​គ្រប់គ្រង ដែល​មាន​ឥទ្ធិពល​បំផុត​ផ្នែក​បច្ចេក​វិទ្យាចំណាត់​ថ្នាក់លេខ 13 ពី​ទស្សនាវដ្តី T3។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន HTC ក៏ទទួល​បាន​ពាន​រង្វាន់​ផ្សេងៗ បន្ថែម​ទៀត​ដូចជាៈ ចំណាត់​ថ្នាក់​លេខ 3 ក្នុង​ចំណោម​ក្រុមហ៊ុន IT ធំៗ ចំនួន 100 ទូទាំង​ពិភព​លោក ពីសារ​ព័ត៌មាន Business Week និងជាប់ក្នុងចំណោមកំពូលក្រុមហ៊ុនទាំង 5 នៅអាស៊ីផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន HTC បានជាប់ចំណាត់ថ្នាក់លេខ 31 ក្នុងចំណោមក្រុមហ៊ុន 50 ដែលមានការច្នៃប្រឌិត និងកែប្រែផលិតផលបានល្អបំផុតនៅលើពិភពលោក ពីទស្សនាវដ្តី Fast Company និងទស្សនាវដ្តី MIT Technology Review។
ការសិក្សា
លោក Peter Chou បានបញ្ចប់​ការសិក្សា​ផ្នែកវិស្វកម្ម​អេឡិច​ត្រូនិច​ពីសកល​វិទ្យាល័យ National Taiwan Ocean University ក្នុងឆ្នាំ1985 និងបាន​ចូល​រៀន MBA នៅសកលវិទ្យាល័យ National Chengchi University ក្នុងឆ្នាំ2003។ លើសពីនេះលោក Peter Chou បាន​បញ្ចប់កា​រ​សិក្សា​ផ្នែក Advanced Management Program ពីសាលារៀន Harvard Business School ក្នុងឆ្នាំ 2006 ផងដែរ។ ក្នុងពេលទំនេរ លោក Peter Chou ចូលចិត្ត​អាន​សៀវភៅ ទស្សនា​សិល្បៈ និងស្តាប់បទ​ចំរៀង​បែប​បុរាណ។
មុខនាទី
          ក្រៅ​ពីមាន​តួនាទី​ជួយ​បង្កើត Hardware និង Software ថ្មីៗក្នុង​ក្រុមហ៊ុន ​HTC ហើយនោះលោក Chou បាន​ជួយ​ចង​សម្ព័ន្ធភាពរ​វាង​ក្រុមហ៊ុន HTC ជាមួយ​នឹងក្រុមហ៊ុន​ផ្តល់សេវាកម្ម​ទូរស័ព្ទ​ក្នុង​សហរដ្ឋ​អាមេរិកផងដែរ។ ហេតុ​នេះ​ហើយ ទើបសមិទ្ធិផល​ទូរស័ព្ទ​របស់​ក្រុមហ៊ុន HTC ក្នុងពេល​បច្ចុប្បន្ន បាន​ជាប់កិច្ច​សន្យា​យ៉ាងស្អិត​រមួត​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូរស័ព្ទ​ចំនួន 2 ទាំងក្នុង និងក្រៅប្រទេស។ ដោយ​សារ​បានបញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​ពីសាលារៀន Harvard Business School ម្ល៉ោះ​ហើយ លោក Peter Chou មានការយល់​យ៉ាងច្បាស់​ពីអត្ថប្រយោជន៍​ក្នុងការ​ភ្ជាប់ទំនាក់​ទំនងជា​មួយ​ក្រុមហ៊ុន​ផ្តល់សេវាកម្មទូរស័ព្ទទាំង​ក្នុងស្រុក​និងក្រៅស្រុក។
បទពិសោធន៍
- លោក Peter Chou បានសហការណ៍​គ្នាជាមួយ​អ្នកស្រី Cher Wang និងលោក HT Cho បង្កើត​ក្រុមហ៊ុន​ HTC នៅក្នុងឆ្នាំ 1997
- មាន​តួនាទីជាប្រធាន និង CEO ប្រចាំក្រុម​ហ៊ុន HTC តាំងពីឆ្នាំ 1997 រហូត​មកទល់​ពេលបច្ចុប្បន្ន​នេះ (1997-2012)
ទំនាក់ទំនង
នៅក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍ លោក Peter Chou មាន​មិត្តរួមការងារ​ជាច្រើនដល់​ទៅ 10,686 នាក់ ស្ថិត​នៅក្រុមហ៊ុន​ចំនួន 804 ផ្សេងៗគ្នា ដោយមាន​ទីតាំងនៅ 101 ប្រទេស​ឯណោះ។
Tablet ស៊េរីថ្មី
កាលពីពេលកន្លងទៅថ្មីៗនេះ លោក Peter Chou បានផ្តល់បទ​សម្ភាសន៍ថា ខាង​ក្រុមហ៊ុន HTC មាន​គំរោង​ផលិត និង​ដាក់​លក់ Tablet ស៊េរីថ្មី​របស់​ខ្លួន ដោយ​មាន​ភាពខុស​ប្លែកពី Tablet ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបតិ្តការ Android ដែលកំពុង​ដាក់លក់​នៅលើទីផ្សារ។ Tablet ស៊េរីថ្មីនេះ នឹងបំពាក់​មកនូវ HTC Sense UI រួមជាមួយ​ប្រព័​ន្ធ​ប្រតិបតិ្តការ Android Ice Cream Sandwich ប្រកបដោយ​សមត្ថភាព​ខ្ពស់ តែលោក Peter Chou មិនបាន​បញ្ជាក់​ទេថា Tablet ស៊េរីថ្មីនេះ នឹងដាក់​លក់នៅ​ពេលណា​នោះទេ។ 
ក្រុមហ៊ុន HTC
ឧស្សាហកម្មៈ                    ទូរគមនាគមន៍
បង្កើតៈ                           ឆ្នាំ 1997
ទីស្នាក់ការធំៈ                    ទីក្រុង Taoyuan តៃវ៉ាន់
បុគ្គលសំខាន់ៈ                  អ្នកស្រី Cher Wangមានតួនាទីជាប្រធានស្រី
លោក Peter Chou មានតួនាទីជា CEO (Chief Executive Officer) នាយកប្រតិបតិ្ត និងប្រធាន
Fred Liu មានតួនាទីជា COO (Chief Operating Officer)
ផលិតៈ                           ទូរស័ព្ទ Smartphone និង Tablet
ប្រព័ន្ធប្រតិបតិ្តការៈ             មុនដំបូង​ក្រុមហ៊ុន HTC ផលិតទូរស័ព្ទ Smartphone ដោយពឹង​ផ្អែកលើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Mobile របស់​ក្រុមហ៊ុន Microsoft។ ប៉ុន្តែមកដល់ឆ្នាំ 2009 ក្រុមហ៊ុន HTC បានបង្វែរ​មក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបតិ្តការ Android ភាគច្រើន។ ក្នុងឆ្នាំ 2010 ទើបក្រុមហ៊ុន HTC ត្រឡប់​មក​ផលិតទូរស័ព្ទ Smartphone ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone របស់​ក្រុមហ៊ុន Microsoft ម្តងទៀត។ 
ប្រាក់ចំណូលៈ                   11.95 កោដដុល្លារ (ត្រីមាសទី 3 ឆ្នាំ 2011)
បុគ្គលិកៈ                         12,943 នាក់(ទិន្នន័យទទួលបានកាលពីថ្ងៃទី 31 ខែ មិនា ឆ្នាំ 2011)

គេហទំព័រៈ                       www.htc.com

Post a Comment

 
Top