0
ថ្ងៃទី 16 ខែ មករា ឆ្នាំ 2012
សព្វថ្ងៃនេះ លោក Stephen Elop មាន​មុខនាទីជា CEO (Chief Executive Officer) ថ្មីប្រចាំ​នៅ​ក្រុមហ៊ុន NOKIA ហើយ​លោក​បានចូល​មកទទួល​តំ​ណែង​នេះកាល​ពី​ថ្ងៃ​ទី 21 ខែ កញ្ញា ឆ្នាំ 2010 ជំនួស​ឲ្យលោក Ollipekka Kallasvuo ដែលជា CEO ចាស់។
មុននឹង​ទទួល​តំណែងជា CEO នៅ​ក្រុមហ៊ុន Nokia លោក Stephen ធ្លាប់ធ្វើការ​នៅក្នុង​ក្រុមហ៊ុន Microsoft ពីខែ មករា ឆ្នាំ 2008 ដល់ខែ កញ្ញា ឆ្នាំ 2010 ហើយមានតួនាទី​ជា​ប្រធានផ្នែក Business Division ដោយទទួល​ខុស​ត្រូវលើ Software ទាក់ទងនឹង​ជំនួញ និង Microsoft Office។ មកដល់ខែ កុម្ភៈ ឆ្នាំ 2011 ក្រោយពេល ដែលគាត់បាន​ឈានជើងចូល​កាន់ក្រុមហ៊ុន Nokia បានមិន​យូរប៉ុន្មាន​គាត់​បាន​បង្កើត​យុទ្ធសាស្រ្តថ្មី​មួយ ដោយ​ដឹកនាំ​ក្រុមហ៊ុន Nokia ឲ្យ​បង្វែរ​ពីការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបតិ្តការ Symbian មកជា​ប្រព័ន្ធប្រតិបតិ្តការ Windows Phone វិញ ហើយរៀប​ចំគំរោង​ដាក់លក់​ទូរស័ព្ទប្រភេទ​ថ្មីនេះ​ក្នុងកំឡុង​ចុងឆ្នាំ 2011។
កំឡុងពេលមុនការបើកបង្ហាញទូរស័ព្ទ Windows Phone
ក្នុងកំឡុង​ពេល ដែល​លោក Stephen Elop ចូលកាន់​តំណែងជា CEO ក្នុង​ក្រុមហ៊ុន​ Nokia ដំបូងៗ ក្រុមហ៊ុន Nokia នៅតែ​បន្តបើក​បង្ហាញ និងដាក់លក់​ទូរស័ព្ទ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបតិ្តការ Symbian ដដែល ដោយ​មានជា​ច្រើនម៉ូដែល​ដូចជាៈ Nokia C7, Nokia C6-01, Nokia C5-03 និងNokia E7 ។ល។ មិនតែ​ប៉ុណ្ណោះ ក្រុមហ៊ុន Nokia ថែមទាំង​ដាក់​លក់​ទូរស័ព្ទ Nokia X7-00 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបតិ្តការ Symbian Anna ថ្មី និងទូរស័ព្ទ​ស៊ីម 2 ម៉ូដែល Nokia C2-03និង Nokia X1-01 ផងដែរ។
ព្រឹតិ្តការណ៍ Nokia N9
ទោះបីជា​លោក Stephen Elop បានបង្វែ​រ​យុទ្ធសាស្រ្ត​មកប្រើប្រាស់​ប្រព័ន្ធប្រតិបតិ្តការ Windows Phone ជំនួសឲ្យប្រព័ន្ធ​ប្រតិបតិ្តការ Symbian ក៏ដោយ។ ប៉ុន្តែលោក Stephen និងក្រុមហ៊ុន Nokia មិនបានបោះ​បង់ចោល​ប្រព័ន្ធប្រតិបតិ្តការ MeeGo ដែលក្រុមហ៊ុន Nokia បានខិតខំ​អភិវឌ្ឍន៍​អស់មួយរយៈ​មុន​នោះ​ទេ។ ម្យ៉ាងទៀត ក្រុមហ៊ុន Nokia ថែមទាំង​បាននាំ​យក​ប្រព័ន្ធប្រតិបតិ្តការ MeeGo នេះ មក​បំពាក់​លើទូរស័ព្ទ Nokia N9 ស៊េរីថ្មី ដែលមានរូបរាង​ស្អាតប្លែក និងជាទូរស័ព្ទ Touchscreen មួយរយ​ភាគរយ​មុនដំបូង​គេបង្អស់។ ទូរស័ព្ទ Nokia N9 ដ៏ថ្មីស្រឡាងនេះ បានបើក​សម្ពោធកាល​ពីពេលកន្លង​មកក្នុងប្រទេស​ជាច្រើនដូចជាៈ ម៉ាលេស៊ីឌូបៃ រុស្ស៊ីនិងសឹង្ហបុរី រួមទាំង​បើកបង្ហាញ​ក្នុងប្រទេស​កម្ពុជាកាល​ពីថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ 2011 កន្លងទៅ​នេះផងដែរ។
Nokia World 2011
ក្រោយពេល ដែល​លោក Stephen Elop បង្ហើប​ប្រាប់​ថា​ក្រុមហ៊ុន Nokia នឹងធ្វើការ​ដាក់​លក់​ទូរស័ព្ទ Nokia ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបតិ្តការ Windows Phone នៅចុងឆ្នាំ 2011 បានមិន​យូរប៉ុន្មាន។ នៅទី​បំផុត ក្នុងកម្មវិធី Nokia World 2011 ដែលប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃទី 26-27 ខែ តុលា ឆ្នាំ 2011 នៅទី​ក្រុងឡុ​ង​ដ៍ ប្រទេស​អង់គ្លេស​កន្លង​មកនេះ លោក Stephen Elop  បានឡើង​ថ្លែងសន្ទរកថា​បើក​បង្ហាញ​ទូរស័ព្ទ Windows Phone ម៉ូដែល Nokia Lumia 800 និង Nokia Lumia 700 ចំពោះ​មុខ​ភ្ញៀវកិត្តិយស​ជាង 3000 នាក់ មកពី 70 ប្រទេស​ជុំវិញ​ពិភពលោក។ ក្នុងការបើក​បង្ហាញទូរស័ព្ទ  Nokia Lumia 800និង Nokia Lumia 700 ថ្មីនេះ លោក Stephen Elop បានថ្លែងប្រាប់​អ្នក​ចូលរួមកម្មវិធី​ថា Lumia គឺជាទូរស័ព្ទ Windows Phone ពិត​ប្រាក​ដ​មុន​ដំបូង​គេ​បង្អស់ ហើយ​មាន​ទំងន់ស្រាល និងជា​ផលិតផល​ថ្មីស្រឡាង​របស់ក្រុមហ៊ុន Nokia។
ឧបករណ៍ Tablet
កាល​ពីដើម​ខែ វិច្ឆិកា​ កន្លងមកនេះ លោក Stephen Elop បានផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារ​ព័ត៌មាន Bloomberg ដោយ​បង្ហើប​ប្រាប់ថា ក្រុមហ៊ុន Nokia ប្រហែល​ជា​ចាប់អារម្មណ៍​លើឧបករណ៍ Tablet ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8។ រីឯការផ្តល់​បទសម្ភាសន៍​មួយទៀតជា​មួយសារ​ព័ត៌មាន The Financial Times វិញ លោកបាន​ពោលថា “យើងមិនទាន់​បានដាក់​ផែនការណ៍​ទាក់ទង​នឹង​ឧបករណ៍ Tablet នៅឡើយទេ តែយើង​អាច​ប្រាប់​បានត្រឹមថា មានរបស់ខ្លះ​គួរឲ្យភ្ញាក់ផ្អើល​ទាក់ទងនឹង Windows Phone រួម​ទាំង Windows 8 ដែល​ក្រុមហ៊ុន Microsoft បានបង្កើត​ឡើងសំរាប់​ប្រើប្រាស់​លើ​ឧបករណ៍ Tablet និងកុំព្យូទ័រផងដែរ។ ”ការផ្តល់​បទសម្ភាសន៍​របស់គាត់​ហាក់ដូច​ជា​បង្កប់​អត្ថន័យ​ថា ក្រុមហ៊ុនអាច​នឹង​ផលិត​ឧបករណ៍ Tablet ដំណើរការ​ដោយ Windows 8 ក្នុងពេលអនាគត តែនៅមិនទាន់​មាន​ភាព​ច្បាស់លាស់​នោះទេ។
ការសិក្សា
ឆ្នាំ 1981 លោក Stephen Elop បានសិក្សា​ផ្នែក​វិស្វកម្ម​កុំព្យូទ័រ និងគ្រប់គ្រង​នៅ​មហាវិទ្យាល័យ McMaster នៅឯ Hamilton ក្នុងខេត្ត Ontario ប្រទេស​កាណាដា ហើយបាន​បញ្ចប់ការ​សិក្សាថ្នាក់​បរិញ្ញាប័ត្រ​ក្នុងឆ្នាំ 1986 ដោយ​ជាប់​ចំណាត់​លេខទី 2 ប្រចាំថ្នាក់របស់គាត់។ ជាងនេះ​ទៅទៀត លោក Stephen Elop បានឆ្លៀត​ពេ​ល​ជួយ​តំរៀប​ខ្សែកាប Ethernet ជុំវិញ​បរិវេណ​មហាវិទ្យាល័យ ដើម្បីបង្កើត​បណ្តាញអិុនធើណែតមួយ ​ក្នុងចំណោមបណ្តាញ​អិុនធើណែត​មុនដំបូងគេបង្អស់​ ក្នុង​ប្រទេស​កាណាដា។
ជីវិតផ្ទាល់ខ្លួន
លោក Stephen Elop កើតនៅថ្ងៃទី 31 ខែធ្នូឆ្នាំ 1963 ដោយ​បច្ចុប្បន្ន​នេះ​មានអាយុ 47 ឆ្នាំហើយ​មានដើម​កំណើត​នៅឯ Ancaster ក្នុងខេត្ត Ontario ប្រទេស​កាណាដា។ គាត់បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយអ្នកស្រី Nancy Elop ដោយ​មាន​កូន​ចំនួន 5 នាក់ ក្នុងនោះ​រួម​មាន​កូនភ្លោះ​ចំនួន 3 នាក់ផងដែរ។ លោក Stephen Elop និងភរិយា​បានសុំកូន​ស្រីម្នាក់​ពីប្រទេសចិន​យកមកចិញ្ចឹម​ខណៈពេលរស់​នៅក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែប្រទេស​កាណាដា​បានបដិសេធ​មិនព្រមផ្តល់​សញ្ជាតិដល់​កូនស្រីម្នាក់​នោះ ម្ល៉ោះហើយ គាត់បានប្តឹងគ្រប់វិធីទៅកាន់ការិយាល័យនាយករដ្ឋមន្រ្តី ហើយ​បានឈ្នះ​ក្តីនៅទី​បំផុត។
បទពិសោធន៍
  • មានមុខងារជាប្រធាន និងជាCEO ប្រចាំក្រុមហ៊ុន​ Nokia: ចាប់ពីខែ កញ្ញា មកទល់ពេលបច្ចុប្បន្ន (1 ឆ្នាំ 3ខែ)
  • មានមុខងារជាប្រធានប្រចាំក្រុមហ៊ុន Microsoft: ចាប់ពីខែ មករា ឆ្នាំ 2008 ដល់ខែ កញ្ញា ឆ្នាំ 2010 (2 ឆ្នាំ 9 ខែ)
  • មានមុខងារជា COO (Chief Operating Officer)ក្នុងក្រុមហ៊ុន Juniper Networks: ចាប់ពីខែ មករា ឆ្នាំ 2007 ដល់ខែ មករា ឆ្នាំ 2008 (1 ឆ្នាំ)
  • មានមុខងារជាប្រធានក្នុងក្រុមហ៊ុន Adobe Systems: ចាប់ពីខែ ធ្នូ ឆ្នាំ 2005 ដល់ខែ ធ្នូ ឆ្នាំ 2006 (1 ឆ្នាំ)

  • មានមុខងារជា CEO និងការងារផ្សេងទៀតក្នុងក្រុមហ៊ុន Macromedia: ចាប់ពីខែ មិនា ឆ្នាំ 1998 ដល់ ខែ ធ្នូ ឆ្នាំ 2005 (7 ឆ្នាំ 10 ខែ)
  • មានមុខងារជាCIO ក្នុងក្រុមហ៊ុន Boston Chicken, Inc. ពីឆ្នាំ 1992 ដល់ 1998 (6 ឆ្នាំ)
  • មានមុខងារជាCIO ក្នុងក្រុមហ៊ុន Boston Chicken, Inc. និង EINSTEIN Brothers Bagels, Inc. ឆ្នាំ 1994 ដល់ 1997 (3 ឆ្នាំ)

Post a Comment

 
Top